​សេ​វា​ទូ​ទាត់​រហ័ស


ធនាគារជាតិនៃកម្ពុជាក្រោមកិច្ចសហការជាមួយគ្រឹះស្ថានធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន១៣ បាន​ដា​ក់​ឱ្យ​ដំ​ណើរ​កា​​រជា​​ផ្លូ​វ​​ការ “សេវាទូទាត់រហ័ស” ដែលជាសេវាថ្មីមួយអាចឱ្យអតិថិជនទទួលបានមូលនិធិភ្លាមៗដែលឆ្លើយតបទៅនឹងតម្រូវការសាច់ប្រាក់បានទាន់ពេលវេលា ។

គោលបំណងនៃការដាក់ឱ្យដំណើរការ ”សេវាទូទាត់រហ័ស” គឺដើម្បីផ្តល់មធ្យោ​បាយ​បន្ថែ​មទៀត​ស​ម្រា​ប់គ្រឹះ​ស្ថាន​ធ​នា​គារ​ពា​ណិ​ជ្ជ និងគ្រឹះស្ថានមីក្រូហិ​រញ្ញវត្ថុ​ទទួល​ប្រាក់បញ្ញើទាំងអស់អនុ​វត្ត​ប្រ​តិប​ត្តិ​កា​រផ្ទេរ​ប្រាក់ និង​ទូ​ទា​ត់​សង​ប្រាក់​ជា​ប្រាក់​រៀល ឆ្លងគ្រឹះស្ថានសម្រាប់អតិថិជនរបស់ខ្លួននៅគ្រប់ខេត្ត-ក្រុង ទូទាំង​ប្រ​ទេ​ស​កម្ពុ​ជា ប្រកបដោយភាពរហ័ស សុវត្ថិភាព មានប្រសិទ្ធភាពខ្ពស់ និងអាចជឿទុកចិត្តបាន។ ម្យ៉ាងវិញទៀត សេ​វា​នេះ​នឹ​ង​រួម​ចំ​ណែក​យ៉ាង​ស​កម្ម​ក្នុ​ង​ការ​លើក​កម្ពស់​ការ​ប្រើ​ប្រាស់​ប្រាក់​រៀលឱ្យបានទូលំទូលាយ បង្កើនតម្លាភាពតាមរយៈការទូទាត់ជាអេឡិចត្រូនិក កាត់បន្ថយចរាចរសាច់ប្រាក់នៅលើទីផ្សារ ប​ង្កើ​ន​នូវ​ប្រ​សិ​ទ្ធ​ភា​ព​ក្នុ​ង​ការ​ប្រើ​ប្រា​ស់ធ​ន​ធា​ន​ហិរញ្ញវត្ថុ និង​ជា​ពិ​សេស​លើ​ក​ក​ម្ពស់​ប​រិ​យា​ប័ន្ន​ហិរ​ញ្ញ​វត្ថុ និង​ចូល​រួម​អ​ភិ​វឌ្ឍ​សេដ្ឋ​កិ​ច្ច​តា​ម​រយៈ​ការ​ធ្វើ​ទំ​នើ​ប​កម្ម​ប្រ​ព័​ន្ធ​ទូ​ទាត់​នៅប្រទេសកម្ពុជាឱ្យកាន់តែប្រសើរ ។

បច្ចុប្បន្ន អតិថិជនអាចប្រើប្រាស់សេវានេះនៅទូ​ទាំ​ង​ប្រ​ទេស​កម្ពុ​ជា​តា​ម​គ្រឹះ​ស្ថាន​ធ​នា​គារ អេស៊ីលីដា កម្ពុជាសាធារណៈ កាណាឌីយ៉ា វឌ្ឍនៈអាស៊ីចំកាត់ (អេ ប៊ី អេ) វិនិយោគនិងអភិវឌ្ឍន៍កម្ពុជា ហ្វីលីព ស្ថាបនា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ អង្គរមីក្រូហិរញ្ញវត្ថុកម្ពុជា (អេ អឹម ខេ) វីសិនហ្វាន់ បា្រសាក់ អម្រឹត ក្រេឌីត ហត្ថាកសិករ និង ធនាគារ CIM Limited Phnom Penh Branch ។ សេវានេះនឹងអាចឱ្យអតិថិជន​ប្រើ​ប្រាស់​បា​ន​កាន់​តែ​ទូ​លំ​ទូ​លាយ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នៅតាមគ្រឹះស្ថានធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើផ្សេងៗទៀតដែលបាននិងកំពុងដាក់ពាក្យចូលជាសមាជិកជាបន្តបន្ទាប់ ។

 ទំនាក់ទំនងព័ត៌មាន ៖  (855) 89 98 98 18

  ព័ត៌មានបន្ថែម
          ​ ខិត្តប័ណ្ណអំពីសេ​វា​ទូ​ទាត់​រហ័ស